រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បង្ហាញដំណោះស្រាយជាច្រើន លើផលប៉ះពាល់វិស័យទេសចរណ៍ក្នុងតំបន់ ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ បានដឹកនាំកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំង១០ប្រទេស និងអគ្គលេខាធិការ អាស៊ាន តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរីន (Video Conference) កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ យោងតា ម ហ្វេ ស ប៊ុ ក ក្រ សួ ង ទេសចរណ៍។
លោក ថោង ខុន ថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅ ឆ្នាំ២០២១ខាងមុខ (ATF 2021) និងក្នុងអាណត្តិរបស់ខ្លួនជាប្រធានដឹកនាំវិស័យទេសចរណ៍ អាស៊ានឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក រៀបចំកិច្ចប្រជុំពិសេសនេះឡើងក្នុងគោលបំណងពិភាក្សា រកដំណោះស្រាយអំពីវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។
ជាមួយគ្នានោះ កិច្ចប្រជុំក៏បានចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗស្ដីពីវិធានការ ទប់ស្កាត់កូវីដ-១៩ និងផលប៉ះពាល់ក្នុងប្រទេសសមាជិកនីមួយៗ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងសកម្មភាពជួយសង្គ្រោះវិស័យទេសចរណ៍នៅចំពោះមុខ ក្នុងដំណាក់កាលនៃការដោះ ស្រាយវិបត្តិ (Mitigation Phase) ឬដំណាក់កាលនៃត្រៀមងើបឡើងវិញ (Early Recovery) ក៏ដូចជាផែនការស្ដារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ( Post Covid-19 Crisis Recovery Plan)។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានសម្រេចដាក់ចេញនូវសេចក្តី ប្រកាសរួម រំលេចអំពី លទ្ធផលនៃកិច្ចប្រជុំពិសេសដោយផ្ដោតលើចំណុចសំខាន់ៗដូចជា៖
១. ជំរុញការសម្រប សម្រួលរបស់អាស៊ានក្នុងការពន្លឿនការផ្លាស់ប្តូរព័ត៌មាន ស្តីអំពី សុខភាព ទាក់ទងនឹងការ ធ្វើដំណើរ និងវិធានការចាំបាច់នានា ដែលអនុវត្តន៍ដោយរដ្ឋជា សមាជិក អាស៊ានទំាងអស់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈ ប្រតិបត្តិការកាន់ តែសកម្មឡើង របស់ក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន (ASEAN Tourism Crisis Communication Team-ATCCT) តាមរយៈការផ្តល់ព័ត៌មានទាន់ពេលវេលា និងទុកចិត្តបាន ដល់ភ្ញៀវទេសចរដែលធ្វើដំណើរចេញនិងចូលក្នុងប្រទេស ព្រមទាំងការីទេសចរណ៍នានានៅក្នុងតំបន់។
២. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ទេសចរណ៍ជាតិអាស៊ាន(NTOs) ជាមួយនឹងវិស័យអាស៊ានពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសជាមួយវិស័យសុខាភិបាល ព័ត៌មាន ដឹកជញ្ជូន និងអន្តោប្រវេសន៍ ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ានផ្សេងៗទៀត ព្រមទាំង អង្គការ និងសហគមន៍អន្តរជាតិ នានា សំដៅរួមគ្នាអនុវត្តន៍វិធានការទាំងឡាយ និងបង្កើតឱ្យមានទម្រង់ការផ្សេងៗគ្នា របស់ភាគីនីមួយៗ ដើម្បីជំរុញការឆ្លើយតប ទាន់ពេលវេលា ឆាប់រហ័ស មានតម្លាភាព ច្បាស់លាស់លើការដោះស្រាយ និងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាវិបត្តិដទៃទៀតនាពេលអនាគត។
៣. បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិត ស្និទ្ធបន្ថែមទៀត ក្នុងការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរការ អនុវត្តន៍ល្អៗ រវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូអាស៊ានផ្សេងៗទៀត ស្តីពីការឆ្លើយតបចំពោះវិបត្តិ ការត្រៀមខ្លួនសម្រាប់ការទំនាក់ទំនង ការសម្របសម្រួលការតភ្ជាប់ កិច្ចខិតខំនិងវិធានការ សង្គ្រោះផ្សេងៗ ដើម្បីគាំទ្រវិស័យទេសចរណ៍ ក៏ដូចជាការចាប់យកមេរៀនសំខាន់ៗស្តីពីវិបត្តិ ដើម្បីបានជារបាយការណ៍បន្ទាប់ពីវិបត្តិសម្រាប់ជាឯកសារយោងរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការគ្រប់គ្រងឱ្យកាន់តែប្រសើរនូវវិបត្តិណាមួយ ឬជំងឺរាតត្បាតនានា នាពេលអនាគត។
៤. អនុវត្តន៍នូវវិធានការ និងគោលនយោបាយដ៏ច្បាស់លាស់នានា ដើម្បីបង្កើនទំនុកចិត្តរបស់ ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ដែលមកទស្សនាតំបន់អាស៊ីអាគ្នេយ៍ រួមទាំងការរៀបចំ បង្កើតឱ្យមានស្តង់ដារ និងគោលការណ៍ណែនាំច្បាស់លាស់ ស្តីអំពីបរិយាកាសការងារប្រកប ដោយសុវត្ថិភាព និងផ្តល់សុខភាពល្អប្រសើរជាងមុន សំដៅការពារអ្នកបំរើការងារ និងសហគមន៍ក្នុងផ្នែកបដិសណ្ឋារកិច្ច និងឧស្សាហកម្មដែលជាប់ ពាក់ព័ន្ធវិស័យទេស ចរណ៍នានា ក៏ដូចជាគោលដៅ និងស្ថាប័នទេសចរណ៍ទាំងឡាយក្នុងរដ្ឋជាសមាជិកអាស៊ាន។
៥. គាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយមិន ត្រូវបន្ធូរកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាការពារសុខភាពសាធារណៈ ដែលរួមមានដូចជា ការកសាងសមត្ថភាពទេសចរណ៍អាស៊ាន ការចូលរួមជាមួយភាគីពាក់ព័ន្ធនានា ក្នុងការបង្កើតទំនុកចិត្តអ្នកប្រើប្រាស់និងអាជីវកម្ម ឈ្វេងយល់ពីដំណោះស្រាយបែបច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការពង្រឹង និងជំរុញវិស័យទេសចរណ៍អាស៊ាន ជាពិសេសតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល ដោយផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួម ក្នុងគោលដៅជំរុញអាស៊ានឱ្យក្លាយជាគោល ដៅទេសចរណ៍តែមួយ។
៦.ជំរុញការអនុវត្តគោលនយោបាយមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោមគោលនយោបាយនានា ដោយផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្រួលផ្នែកហិរញ្ញវត្ថុ ការបន្ធូរបន្ថយពន្ធ និងការកសាងសមត្ថភាព ជាពិសេស លើជំនាញឌីជីថលសម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងធ្វើដំណើរ ដោយផ្តោត ការយកចិត្តទុកដាក់ជាពិសេសលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ក្រុមជនដែលងាយរងគ្រោះ ព្រមទាំងសហគមន៍ដែលរងផលប៉ះពាល់នានា
៧. បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន អង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យមានភាពរឹងមាំ និងត្រៀម ខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន បន្ទាប់ពីវិបត្តិណាមួយ៕ E B